PSG កំពុងព្យាយាមបញ្ចុះបញ្ចូលក្លិបយក្សអង់គ្លេសមួយឱ្យទិញយក Neymar ពីខ្លួន
ក្លិប Paris Saint-Germain កំពុងព្យាយាមបញ្ចុះបញ្ចូលក្លិប Chelsea ឱ្យនាំយកតារាតម្លៃខ្លួនថ្លៃ Neymar Jr របស់ខ្លួន។
Neymar កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់អំពីអនាគតរបស់ខ្លួន។ ស្របពេល PSG កំពុងពិចារណាលក់កីឡាករប្រេស៊ីលខាងលើនៅក្នុងរដូវក្តៅនេះ ខណៈដែលក្លិបជើងឯកបារាំងមួយនេះ កំពុងព្យាយាមប្រើប្រាស់កីឡាករក្នុងស្រុកវិញ។ នេះបើយោងតាមរបាយការណ៍របស់ការសែត The Athletic។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកិច្ចសន្យាដែលចំណាយប្រាក់ដ៏ធំកាលពីឆ្នាំ២០១៧ ក្នុងការនាំយក Neymar ពីក្លិប Barcelona មកកាន់ទឹកដីបារាំង នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៧ ដែលនេះវាពិតជាលំបាកខ្លាំងណាស់សម្រាប់ PSG ក្នុងការលក់កីឡាករឆ្នើមរូបនេះក្នុងតម្លៃទាប។
ជាមួយគ្នានេះ ក្លឹបអារ៉ាប៊ីសាអូឌីតក៏បង្ហាញការចាប់អារម្មណ៍លើ Neymar ផងដែរ ខណៈដែល PSG ធ្វើការផ្ដល់ជូនខ្សែប្រយុទ្ធប្រេស៊ីលខាងលើទៅកាន់ Chelsea។ ក្លឹប Paris Saint-Germain ជឿជាក់ថា បន្ទាប់ពីក្រុមតោខៀវបញ្ចប់ការបញ្ជូនកីឡាកររបស់ពួកគេទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ពួកគេនឹងអាចចុះហត្ថលេខាលើកីឡាករវ័យ ៣១ឆ្នាំរូបនេះ។
ប៉ុន្តែរបាយការណ៍នេះមិនបានបញ្ជាក់ថា Chelsea ចាប់អារម្មណ៍ចង់បាន Neymar ឬក៏អត់នោះទេ។ ក្នុងប៉ុន្មានខែចុងក្រោយនេះ មានចរចាមអារ៉ាមជាហូរហែបាននិយាយអំពីអនាគត Neymar ដោយបានផ្សារភ្ជាប់ជាខ្លាំងទៅកាន់ក្លិបធំៗដូចជា Manchester United , Chelsea និងក្លិប Newcastle ជាដើម ប៉ុន្តែមិនទាន់មានការផ្ដល់ជូនជាផ្លូវការណាមួយបានធ្វើឡើងនៅឡើយនោះទេ៕ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Comments
Post a Comment