ម៉ាស៊ីនរកគ្រាប់ Benzema ច្រានចោលសំណើជាង ២០០លាន$ ពីសំណាក់ក្លិបអារ៉ាប៊ីសាអូឌីត
សារព័ត៌មាន Sport Italia បានរាយការណ៍ថា Karim Benzema បានបដិសេធចំពោះការផ្តល់ជូនពីសំណាក់ក្លិប Al Ittihad ក្នុងកញ្ចប់ទឹកប្រាក់តម្លៃ ២០០ លានអឺរ៉ូក្នុងមួយរដូវកាល។
ក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងពិភពបាល់ទាត់ ក្រោយពួកគេបានចុះហត្ថលេខាលើកំពូលខ្សែប្រយុទ្ធដែលជាម្ចាស់ពាន Ballon d’or ៥សម័យកាល Cristiano Ronaldo កាលពីដើមឆ្នាំ២០២២នេះ ដោយក្លិប Al-Nassr បានផ្ដល់ប្រាក់ឈ្មួលរហូតទៅជាង ២០០លានដុល្លារក្នុងមួយរដូវកាល ដែលជាតម្លៃបំបែកកំណត់ត្រាពិភពលោក។ ហើយលើសពីនេះទៅទៀត ក្លិបរបស់អារ៉ាប៊ីសាអូឌីតផ្សេងទៀត ក៏បង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករលំដាប់ៗកំពូលជាច្រើនផ្សេងទៀតផងដែរ ជាពិសេសក្លិប Al-Hilal បានផ្ដល់សំណើររហូតដល់ទៅ ៥០០លានដុល្លារក្នុងមួយឆ្នាំដល់កំពូលខ្សែប្រយុទ្ធ Lionel Messi។
ប៉ុន្តែជាមួយគ្នានេះ ប្រភពខាងលើបានបញ្ជាក់ថា បំណងរបស់កីឡាករសញ្ជាតិបារាំងវ័យ ៣៥ឆ្នាំខាងលើ គឺចង់បន្តលេងនៅក្លិប Real Madrid រហូតដល់កិច្ចសន្យារបស់គាត់ត្រូវផុតកំណត់ នៅរដូវកាលក្រោយ។ សូមរម្លឹកផងដែរថា កិច្ចព្រមព្រៀងរបស់ Benzema បានសម្រេចបន្តកិច្ចសន្យាថ្មីដែលដំណើរការរហូតដល់ឆ្នាំ២០២៤ នៅពេលដែលគាត់ឈ្នះពានរង្វាន់ Ballon d’Or កាលពីឆ្នាំមុន។
ជាមួយនឹងការស៊ុតបញ្ចូលទីបាន ៣៥៣ គ្រាប់ Karim Benzema បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតលំដាប់ទី២ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid ដោយតាមពីក្រោយតែតារាជើងស៊ុត Cristiano Ronaldo ម្នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ Benzema បានក្លាយជាខ្សែប្រយុទ្ធជួមុខរបស់ក្លិបស្ដេចស ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ការរកគ្រាប់របស់ក្លិប និងជាចំណែកក្នុងការឈ្នះពានរង្វាន់ប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ

Comments
Post a Comment